ជីវជាតិ K មានតួនាទីយ៉ាងសំខាន់សម្រាប់ធ្វើឲ្យឈាមខាប់អន្ធិល។ គេអាចរកវាបាននៅក្នុងប្រភេទបន្លែអន្លក់ផ្សេងៗ។
- ជួយធ្វើឲ្យឈាមខាប់ បង្កើតប្រូតេអ៊ីន
ជីវជាតិ K ស្ថិតក្នុងប្រភេទខ្លាញ់រលាយ គឺងាយនឹងកកជាប់នៅក្នុងរាងកាយដែលពុំងាយនឹងបំផ្លិចបំផ្លាញដោយ ពន្លឺ ធាតុក្ដៅ និងពេលប៉ះទង្គិចជាមួយនឹងខ្យល់អាកាស។ វាមានសារសំខាន់នៅក្នុងរាងកាយគឺនៅត្រង់ថ្លើម ដែលមានផលប្រយោជន៍ក្នុងការផលិតគ្រាប់ឈាមខាប់ ដោយជួយធ្វើឲ្យឈាមខាប់អន្ធិល ដើម្បីការពារមិនឲ្យឈាមហូរច្រើនជ្រុល។ ម្យ៉ាងទៀត ជីវជាតិ K ក៏ជាភ្នាក់ងារ ជួយបង្កើតជាតិប្រូតេអ៊ីន ដែលជាសារជាតិបំប៉នរាងកាយ។ ចំពោះជាតិប្រូតេអ៊ីនខ្លះ ដែលនៅក្នុងឈាមឆ្អឹង និងតម្រងទឹកនោម គឺត្រូវការជំនួយពីជីវជាតិ K ក្នុងការផលិត។
* ជីវជាតិ K ៣ប្រភេទ ៖ ការស្រូបយកគ្មានកំណត់បរិមាណ
ជីវជាតិ K ចែកចេញជាជីវជាតិK1, K2,និង K3 ។ ចំពោះជីវជាតិ K1 គឺបានមកពីប្រភពធម្មជាតិដោយបានមកពីបន្លែស្លឹកពណ៌បៃតង ដែលជាអាហារប្រចាំថ្ងៃ។ រីឯជីវជាតិ K2 បានមកពីការបង្រួមចូលគ្នានៃមេរោគនៅក្នុងប្រព័ន្ធពោះវៀន ដែលមានបរិមាណជីវជាតិ K ប្រមាណជាពាក់កណ្ដាលនៅក្នុងរាងកាយ។ ចំណែកជីវជាតិ K3 គឺជាប្រភេទសិប្បនិមិត្តដែលស្ថិតនៅក្នុងប្រភេទរលាយក្នុងទឹក។ ដូច្នេះថ្វីដ្បិតតែជីវជាតិ K អាចផលិតចេញពីបាក់តេរីដ៏មានប្រយោជន៍នៃប្រព័ន្ធពោះវៀនក្ដី ប៉ុន្តែបើគ្រាន់តែពឹងពាក់លើមេរោគតែមួយមុខប៉ុណ្ណោះពុំអាច ផ្គត់ផ្គង់ជីវជាតិ K បានគ្រប់គ្រាន់នោះឡើយ។ ដូច្នេះប្រភពចេញពីចំណីអាហារគឺសំខាន់ខ្លាំងណាស់។ ដោយសារតែរាងកាយខ្លួនឯងផ្ទាល់អាចផលិតចេញជីវជាតិ K នោះ ដូច្នេះថ្នាំជីវជាតិប៉ូវកម្លាំងផ្សេងៗពុំមានជីវជាតិ K ឡើយ។ ចំពោះយើងរាល់គ្នាក្នុងមួយថ្ងៃត្រូវការបរិមាណជីវជាតិ K គឺសម្រាប់បុរសចាប់ពីអាយុ ១៩ ឆ្នាំឡើងទៅត្រូវការ ១២០ មីក្រូមីល្លីក្រាម រីឯស្ត្រីភេទ គឺត្រូវការ ៩០ មីក្រូមីល្លីក្រាម។ ចំណែកឯបន្លែស្លឹកពណ៌បៃតងចាស់សុទ្ធតែជាអាហារដែលសម្បូរទៅដោយ ជីវជាតិ K។ ដូច្នេះយើងរាល់គ្នាអាចស្រូបយកបានដោយងាយក្នុងកម្រិតស្តង់ដារ។ រហូតមកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រពុំបានបង្ហាញឲ្យឃើញពីការស្រូប យកបរិមាណជីវជាតិ K ហួសកម្រិតដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះឡើយ។
* ជំងឺប្រព័ន្ធពោះវៀន៖ កង្វះជីវជាតិ K
ប៉ុន្តែប្រសិនបើកង្វះនូវជីវជាតិ K នោះគឺបង្កជាផលវិបាក។ តាមពិតជាធម្មតាជីវជាតិ K ផលិតចេញពីមេរោគដ៏មានផលប្រយោជន៍នៅក្នុងប្រព័ន្ធពោះវៀន។ ដូច្នេះចំពោះអ្នកជំងឺដែលឧស្សាហ៍ប្រើថ្នាំប្រភេទអង់ទីប៊ីយ៉ូទិក ក្នុងរយៈពេលយូរអង្វែងក្នុងការព្យាបាលមេរោគដំបៅរលួយពោះវៀន គឺប្រព័ន្ធពោះវៀននោះនឹងខ្វះបាក់តេរីរស់ ដូច្នេះពុំអាចផលិតចេញនូវជីវជាតិ K បានគ្រប់គ្រាន់នោះឡើយ ហើយក៏បណ្ដាលឲ្យទៅជាមេរោគកង្វះជីវជាតិ K។ ម្យ៉ាងទៀតចំពោះអ្នកញៀនស្រា ឬចំពោះអ្នកមានបញ្ហាស្រូបយកជាតិខ្លាញ់នោះក៏នឹងងាយខ្វះជីវជាតិ K គឺឈាមមានសភាពរាវជ្រុល។ ដូច្នេះកាលបើមានរបួសស្នាមត្រូវហូរឈាមនោះគឺអាចហូរចេញទាល់តែ ខ្សោះអស់ពីខ្លួនតែម្ដង។
* កាត់បន្ថយការបាត់បង់ បង្កើនគុណភាពឆ្អឹង
ដោយសារតែជីវជាតិ K ជួយដល់ការផលិតជាតិប្រូតេអ៊ីនភាគខ្លះដល់ឈាម ឆ្អឹង និង តម្រងនោម។ គេស្រាវជ្រាវឃើញថា វានឹងមានឥទ្ធិពលដល់សុខភាពឆ្អឹង។ នាពេលប៉ុន្មានឆ្នាំនេះមានការស្រាវជ្រាវឃើញថា ជីវជាតិ K អាចជួយដល់ការកាត់បន្ថយនូវគុណភាពឆ្អឹងបាត់បង់ ដូច្នេះអាហារហូបចុកប្រចាំថ្ងៃ ដែលសម្បូរទៅដោយជីវជាតិ K គឺជាកត្តាសំខាន់ជាទីបំផុត។
* ថ្នាំរំលាយឈាមជាគូបដិបក្ខនឹងគ្នា
ចំពោះអ្នកដែលធ្លាប់មានជំងឺបេះដូង ឬ រោគស្ទះចរន្តសរសៃឈាម ហើយត្រូវការប្រើថ្នាំប្រភេទថ្នាំរំលាយឈាម ដើម្បីធ្វើឲ្យឈាមរាវកុំឲ្យស្ទះចរន្តសរសៃឈាមទៀតនោះ ចូរយកចិត្តទុកដាក់ឲ្យមែនទែន ក្នុងការស្រូបយកបរិមាណជីវជាតិ k។ ដោយសារតែឱសថឈ្មោះ Warfarin មានប្រសិទ្ធភាពក្នុងការរំលាយឈាមខាប់ដែលកើតចេញពីជីវជាតិ K នោះអ្នកដែលកំពុងតែប្រើឱសថដូចខាងលើនេះ ស្រាប់តែកាត់បន្ថយជាអតិបរមានូវចំណីអាហារដែលសម្បូរទៅដោយជីវជាតិ K។ តួយ៉ាងដូចជា ខាត់ណា ត្រកួន គឺអាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃសារជាតិថ្នាំ។ ប៉ុន្តែចំពោះបន្លែអន្លក់គឺជាប្រភេទសារជាតិសរសៃតូចល្អិត ដែលមានលក្ខណៈរលាយតាមទឹក គឺអាចការពារប្រព័ន្ធសរសៃឈាម។ ដូច្នេះចំពោះអ្នកជំងឺបេះដូងពុំត្រូវតមឡើយ។ ប៉ុន្តែត្រូវចងចាំទុកថា ក្រោយពីគ្រូពេទ្យចេញវេជ្ជបញ្ជាអំពីបរិមាណថ្នាំរំលាយឈាម បរិមាណនៃការស្រូបយកជីវជាតិ K ត្រូវរក្សាកម្រិតជាក់លាក់ គឺមិនត្រូវបង្កើន ឬក៏កាត់បន្ថយឡើយ ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃសារជាតិឱសថ។ ដូច្នេះយកល្អក្នុងថ្ងៃគួរគប្បីស្រូបយកមិនឲ្យលើសពី ២៥០ មីក្រូក្រាម (mcg) ឡើយ។
* អាហារដែលសម្បូរទៅដោយជីវជាតិ K
- បរិមាណខ្ពស់ខ្លាំង
* ខាត់ណា ៖ កន្លះកែវ (ឆ្អិន) = ៥៧៣ មីក្រូក្រាម
* ត្រកួន ៖ កន្លះកែវ (ឆ្អិន) = ៥៣០ មីក្រូក្រាម
* ស្ពៃខ្មៅ ៖ កន្លះកែវ (ឆ្អិន) = ៤៤៤ មីក្រូក្រាម
- បរិមាណខ្ពស់
* ស្ពៃខ្មៅ ៖ កន្លះកែវ (ឆ្អិន) = ២១០ មីក្រូក្រាម
* មីលាយស្ពៃខ្មៅ ៖ ១កែវ (ឆ្អិន) = ១៦២ មីក្រូក្រាម
* ផ្កាស្ពៃប្រូកខូលី ៖ កន្លះកែវ(ឆ្អិន) = ១១០ មីក្រូក្រាម
* ដើមខ្ទឹម ៖ កន្លះកែវ (ស្រស់) = ១០៤ មីក្រូក្រាម
- បរិមាណខ្ពស់
* ជីរវ៉ាន់ស៊ុយ ៖ ៥ ដើម (ស្រស់) = ៨២ មីក្រូក្រាម
* ទំពាំងបារាំង ៖ កន្លះកែវ (ឆ្អិន) = ៧២ មីក្រូក្រាម
* ផ្លែព្រូន ៖ ១ កែវ ៦៥ មីក្រូក្រាម
* គ្រាប់សណ្ដែកក្រហម (ពូជគ្រាប់វែង) ៖ ១ កែវ (ឆ្អិន) = ៦៣ មីក្រូក្រាម
* ស្ពៃ-ស ៖ ១កែវ (ឆ្អិន) = ៥៨ មីក្រូក្រាម
* គ្រាប់សណ្ដែកបារាំង៖ ១ កែវ =៤៨ មីក្រូក្រាម
* សាលាដ៏៖ ១ ភាគ ៤ ដើម =៣២ មីក្រូក្រាម៕
ប្រភពព័ត៌មាន៖ ទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី៖ ១៥ លេខ៖ ៤៤១
ចេញផ្សាយ៖ ១១-២០ ខែធ្នូ ២០០៨
0 comments:
Post a Comment